ថ្ងៃ ច័ន្ទ ទី ២៥ ខែ តុលា ឆ្នាំ ២០១០
ខេត្តស្វាយរៀង ៖ ភ្លៀងមួយមេធំរយៈពេលពីរម៉ោងនារាត្រីទៀបភ្លឺ ថ្ងៃទី២៥ តុលា ២០១០ បង្កឱ្យមានទឹកជន់លិចផ្លូវជាច្រើនកន្លែងក្នុងខេត្តស្វាយរៀង ជាពិសេសគឺផ្សារវាលយន្ត ដែលជាផ្សារធំរបស់ខេត្ត បានលិចលង់ស្ទើរត្រឹមជង្គង់ ។ ភ្លៀងមួយមេធំនេះបានចាប់បង្អុរធ្លាក់មកនៅវេលាម៉ោង៣ទៀបភ្លឺ រហូតដល់ម៉ោង៥ព្រលឹម ទើបរាំង បណ្តាលឱ្យជន់លិចផ្លូវផ្ទះល្វែង ចំណតរថយន្ត លិចផ្លូវមុខផ្ទះជួរចំងាយ២០០ម៉ែត្រ លិចផ្លូវមុខផ្សារវាលយន្តចំងាយ១០០ម៉ែត្រ និងលិចផ្សារវាលយន្តផ្នែកខាងក្រោមជិតដល់ជង្គង់ ។
គេសង្កេតឃើញថា ក្រោយពីភ្លៀងបានរាំង កាកសំណល់ និងសំរាមដែលក្រុមអាជីវករគរទុកចោលនៅក្បែរតូប លើថ្នល់ ព្រមទាំងសំរាម និងកាកសំណល់នៅក្នុងលូ ដែលពេញប្រៀប បានអណ្តែតត្រាចេញមករសាត់រសាយមើលទៅគួរឱ្យរអើម និងមានក្លិនស្អុយអសោចិ៍ជាខ្លាំង ប៉ុន្តែមកដល់ព្រឹកម៉ោង៨ថ្ងៃដដែល ទឹកជំនន់មួយប្រាវនេះបានស្រកវិញបណ្តើរហើយ...ទឹកភ្លៀងលិចលង់ដោយស្ទះលូ និងហូរមិនទាន់ ៕