ការប្រគំដន្ត្រីលំដាប់អន្តរជាតិ”បុស្បាប៉ាន់@អង្គរ”នឹង ​កើត​មាន​ឡើង​នៅ​ក្រុង​សៀម​រាបនៅចំពី មុខ​ប្រាសាទ​បាយ័ន​រយៈ​ពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៥-២៦ កុម្ភៈ ឆ្នាំ​២០១១​នេះ​ខាង​មុខ​នេះ។

ការ​ប្រគំតន្ត្រី​នេះ​ រៀបចំ​ឡើង​ក្រោម​កម្មវិធី “ព្រះ​គុណ​គ្រូ” ដោយមាន​ ការ​ចូលរួម​ពី​សំណាក់​សិល្បករ​ខ្មែរ​ចំនួន​១៧១​នាក់​និង​សិល្បករ​បរទេស​មក​ ពី​ប្រទេស​ជា​ច្រើន​​ទៀត​ដូច​ជា​ចិន ហុងកុង អាមេរិក បារាំង ឥណ្ឌូណេស៊ី​ ជា​ដើម។

ប្រិយមិត្ត មិត្ត​យុវវ័យ ​ដែល​ស្នេហា​និង​គាំទ្រ​បណ្ដា​សិល្បករ​ដែល​មាន​ទេពកោសល្យ នឹង​បាន​ស្គាល់​កំពូល​សិល្បៈ​ក្មេង ពោរពេញ​ទៅ​ដោយ​ភាព​ប៉ិន​ប្រសប់​អាយុ​១៣​ឆ្នាំ​គឺ កុមារី បុស្បា​ប៉ាន់ ដែល​ជា​អ្នក​ចម្រៀង​វ័យ​ក្មេង​បាន​ប្រឡូក​ចូល​ក្នុង​សិល្បៈ​តាំង​ពី​អាយុ​ ៦ឆ្នាំ​មក​​ម្ល៉េះ។ រហូត​មក​ទល់​នឹង​ពេល​នេះ កុមារី បុស្បា អាច​ច្រៀង​បាន​៤​ភាសា គឺ​បារាំង អង់គ្លេស ខ្មែរ​ និង​ចិន ហើយ កំពុង​ហាត់រៀន​​​ភាសា​ចំនួន​១៤​ផ្សេង​ទៀត។

សំបុត្រ​អាច​រក​ជាវ​បាន​ក្នុង​តម្លៃ​ចាប់​ពី​១០​ទៅ​២០​ ដុល្លារ សម្រាប់​កៅអី​ខាង​មុខ​ និង​២.៥​ដុល្លារ ​សម្រាប់​កៅអី​អង្គុយ​ខាង​ក្រោយ​ចាប់​ពី​សប្ដាហ៍​ក្រោយ​នេះ​ទៅ​ហើយ។ សម្រាប់​នៅ​ទីក្រុង​ភ្នំពេញ សំបុត្រ​មាន​លក់​នៅ​តាម​បណ្ដា​ហាង​កាហ្វេ T&C ហាង​កាហ្វេ​សង់ទីម៉ង់ ភោជនដ្ឋាន​ម៉ាលីស និង យីសាង បណ្ណាគារ​ឯករាជ្យ ហាង Lucky Stores។ ចំណែក នៅ​ទីក្រុង​សៀម​រាម​វិញ មាន​លក់​នៅ​​ បណ្ណាគារ​ឯករាជ្យ ហាង Lucky Stores និង ហាង McDernott Galleries ជា​ដើម។

ប្រញាប់​ឡើង ចូល​រួម​ក្នុង​ការ​ប្រគំតន្ត្រី​ដ៏​ធំ​នេះ​ទាំង​អស់​គ្នា​ កុំ​អោយ​ឱកាស​នេះ​កន្លង​ផុត​ទៅ ព្រោះ​នៅ​មាន​ការ​ច្រៀង​សម្ដែង​ចម្រៀង​អូប៉េរ៉ា ពី​សំណាក់​បុស្បា ទៀត ដែល​សព្វ​ថ្ងៃ​អ្នក​ដែល​ចេះ​ចម្រៀង​នេះ មាន​តែ​ពីរ​នាក់​គត់ គឺ​ ភួន សុទ្ធស័ក្ក និង​បុស្បា​ប៉ាន់។​Sabay​ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ដ៏​គួរ​អោយ​ រំភើប​នេះ​ដែរ។

អត្ថបទ៖ ចេង វណ្ណា